រដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា អគារសិក្សាថ្មីកម្ពស់៨ជាន់ នឹងលេចរូបរាងខាងនាពេលខាងមុខនេះ

20200118.42

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា អគារសិក្សាថ្មីកម្ពស់៨ជាន់ របស់សាកលវិទ្យា​ល័​​​យវិទ្យាសាស្ដ្រសុខាភិបាល ដែលបានចាប់ផ្ដើមសាងសង់ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅរយៈពេល២ឆ្នាំខាងមុខនេះ នឹ​ង​ជួ​យ​បង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ គុណធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់ការថែទាំ ព្យា​បា​លដល់ប្រជាពលរដ្ឋយើង ដោយពុំមានភាពរើសអើង និងប្រកបដោយទំនុកចិត្តខ្ពស់។

ជាពិសេស ស្របពេលជាមួយគ្នានឹងការលេចរូបរាងតំណាលគ្នានៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងបញ្ចប់ការសាងសង់នៅរយៈពេ​ល​ ​២ឆ្នាំខាងមុខនេះ ដូច្នេះវិស័យសុខាភិបាលយើង នឹងកាន់តែឈានទៅកាន់ស្ដង់ដារ ក្នុងការផ្ដល់សេវាពិនិត្យព្យាបាលជូនអ្នកជំងឺ ។

ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មី កម្ពស់៨ជាន់ នៅទីតាំងទី១ នៃសាកលវិទ្យា​ល័យវិទ្យាសាស្រ្តសុខាភិបាល នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។

រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងបន្ដថា «ការរីកលូតលាស់នូវអគារសិក្សា មន្ទីរពេទ្យ ស្ដង់ដារ គឺស្របទៅនឹងការខិតខំប្រឹងប្រែងរ​ប​ស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក​ម្ពុ​ជា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងកំណត់ជាអាទិភាពលើការកសាងធនធានមនុស្ស ប្រកបដោយគុណភាព ជាពិសេសការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាល» ។

ក្នុងនោះក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន សម្រាប់ការពង្រឹងគុណភាពបណ្តុះបណ្តាលក្នុងវិស័យសុ​ខា​ភិ​បា​​​ល និងធានាបានថា ធនធានមនុស្សដែលបានផលិតទាំងនោះ ប្រកបដោយសមត្ថភាពខ្ពស់ គុណធម៌ ឥរិយាបទល្អ ប្រ​កបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់ការថែទាំ ព្យាបាលដល់ប្រជាពលរដ្ឋយើង ដោយពុំមានភាពរើសអើង និងប្រកបដោយទំ​នុ​ក​ចិត្តខ្ពស់ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តនេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបណ្តុះបណ្តាល ក្នុ​ង​វិស័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាតម្រូវការចាំបាច់សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាល។ «ជាក់ស្តែង កន្លងមកនេះ យើងបា​ន​កសាងអគារបន្ថែមជាបន្តបន្ទាប់ បានពង្រឹងការបង្រៀន និងរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយពង្រីកបន្ថែមមន្ទីរពិសោធន៍បង្ហាញត្រាប់ បំពាក់នូវសម្ភារ ឧបករណ៍ទំនើបៗ សម្រាប់ការអនុវត្តរបស់និស្សិត»។

លោកបន្ដថា «យើងក៏បានពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងបណ្ណាល័យ គ្លីនីកទន្តសាស្រ្ត មណ្ឌលធ្វើរោគវិនិច្ឆ័យ មន្ទីរពិ​សោ​ធ​​​ន៍ផលិតថ្នាល បណ្តុះមេរោគ ដើម្បីផ្តល់ឱកាសឲ្យ និស្សិតយើងមានលទ្ធភាពសិក្សា និងធ្វើកម្មសិក្សា។ ខ្ញុំសង្ឃឹមថា អគារសិក្សាថ្មី ដែ​លនឹងចាប់ផ្តើមសាងសង់នេះ នឹងបន្ថែមលទ្ធភាពដល់ សាកលវិទ្យាល័យមួយនេះ ក្នុងការធ្វើឲ្យការបណ្តុះបណ្តាល ការស្រាវជ្រាវ និ​ងការផ្តល់សេវារបស់ខ្លួនកាន់តែមានភាពប្រសើរឡើង និងឆ្លើយតបបានទៅនឹងស្តង់ដារជាតិ និងអន្តរជាតិ»។

ទន្ទឹមនឹងអគារថ្មីនេះ «យើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ដោយធ្វើយ៉ាងណា ស្វែងរកដៃគូឆ្នើមៗ និងបន្ដរឹតចំណងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍដែលមានស្រាប់ ដើម្បីជួយបង្កើនគុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលកម្ពុជាយើង ឈា​​​​​នទៅលក្ខណៈស្ដង់ដារអន្ដរជាតិ និងប្រសិទ្ធិភាពខ្ពស់ ក្នុងការផ្ដល់ពិនិត្យព្យាបាល ថែទាំជូនពលរដ្ឋយើង»។

ជាមួយគ្នានោះដែរ សាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងថា សា​ក​ល​វិទ្យាល័យវិទ្យាសាស្ដ្រាសុខាភិបាល បានឈានទៅរកឧត្ដមភាព ក្នុងការបណ្ដុះបណ្ដាលការស្រាវជ្រាវ និងផ្ដល់សេវានៅកម្ពុជា ដែ​ល​​​​​ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងសីលធម៌ខ្ពស់ ដើម្បី​ធា​នាឲ្យបានប្រសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាងនេះទៅទៀត ដើម្បីបន្ដជួយពង្រីកធនធានមនុស្ស ឱ្យកាន់តែមានសមត្ថភាព ដូច្នេះការសាងសង់អគារសិក្សាថ្មីមួយនេះ នឹ​ង​​​ឆ្លើយតបនឹងតម្រូវការក្នុងការរៀន និងបង្រៀនរបស់យើងឱ្យកាន់តែមានប្រសិទ្ធិភាព និងគុណភាពថែមទៀត ។អគារសិក្សាថ្មី​​​កម្ពស់៨ជាន់នេះ គ្រោងសាងសង់អស់ថវិកា ជាង២៤ម៉ឺនលានដុល្លារ ថវិកាផ្ទាល់របស់សាលា ដែលមានបន្ទប់រៀន បន្ទប់មន្ទីរ​ពិ​សោធន៍បង្ហាញត្រាប់ បន្ទប់ការិយាល័យ និងបន្ទប់ប្រជុំផងដែរ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1533 នាក់

ម្សិលមិញ 991 នាក់

សរុប 679225 នាក់