កងអាវុធហត្ថលើផ្ទៃប្រទេស សម្រេចបញ្ជូនខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ២នាក់ ទៅកាន់តុលាការ

20200119.1.1

ភ្នំពេញ ៖ កងអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩​​​ ខែមករា ឆ្នាំ២០២០នេះ បានសម្រេចបញ្ជូនខ្លួន​​​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ២នាក់ ទៅតុ​​លាការករណី ធ្វើទារុណកម្មជនសង្ស័យម្នាក់ឲ្យស្លាប់ ពេលស្ថិតក្នុងការឃុំខ្លួនបណ្តោះ​​អា​ស​ន្ន​​​​​។

យោងទៅតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា លោកវរសេនីយឯក ស ប៊ុនសឿង ជា​មេបញ្ជារង និងលោកអនុសេនីយទោ ឆយ រដ្ឋនា ជាជំនួយការការិយាល័យគ្រឿងញៀន ត្រូវក្រុមស៊ើបអង្កេតពិសេសរកឃើ​ញ​ថា​ មានជាប់ពាក់ព័ន្ធការស្លាប់របស់បុរសឈ្មោះ ទុយ ស្រស់ ដែលត្រូវមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនក្នុងវិ​វា​​ទដីធ្លី ​​​។

ក្នុង​ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​ជិត៦​ពាន់​នាក់ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០​២​០​ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពីបទ​បញ្ជា​របស់​សម្តេច ឲ្យ​ប្រធាន​សិទ្ធិមនុស្ស និង​មេ​ប៉េអឹម ស្រាវជ្រាវ​ក​រណី​​មានការ​លើ​​​កឡើងថា មាន​មនុស្ស​ស្លាប់ក្នុង​ពន្ធនាគារ ដោយសារ​ការធ្វើ​ទា​រុណ​ក​ម្ម​ នៅ​ខេត្តបន្ទាយមានជ័យ​ ។

លោក ទុយ ស្រស់ គឺជាតំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី០​១​ ខែមករា ឆ្នាំ២០២០ គឺ​ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចាប់​ខ្លួនជាមួយប្រជាពលរដ្ឋ៣នាក់ទៀត រួច​យ​កទៅដាក់ក្នុងកន្លែងឃុំឃាំង​របស់ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩ ក្រោយមកត្រូវបានបញ្ជូន​បន្ត​ទៅ​ដាក់គុកក្នុងពន្ធនាគារ​ខេត្ត ជាទីដែលលោកបានស្លាប់ ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 707 នាក់

ម្សិលមិញ 893 នាក់

សរុប 955553 នាក់